តាកែវ៖ កាលពី ថ្ងៃសៅរ៍ ទី១៤ កញ្ញា ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ ថ្មីៗនេះ បុគ្គលិកក្រុមហ៊ុនវេរលុយដ៏ធំមួយបានលើកគ្នាប្រមាណជាង២៥០នាក់ទៅធ្វើបុណ្យរួមគ្នា យ៉ាងអធិកអធម។ រថយន្តក្រុងចំនួន ៥គ្រឿង ធ្វើដំណើរព្រមគ្នាឆ្លងកាត់ក្រុងតាខ្មៅយ៉ាងភ្ញាក់ផ្អើលបាននាំយកម្ហូបអាហារ បាយសម្ល អង្ករ បច្ច័យនិងសម្ភារៈផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តភ្នំបូរី ដែលជាវត្តក្សត់និងចំណាស់មួយដែលមានអាយុកាលជាង ៣០០ឆ្នាំ ស្ថិតនៅ ភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរ ខេត្តតាកែវ ។

លោក អ៉ឹម សារុន នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖ «ការបង្កើតកម្មវិធីធ្វើបុណ្យរួមគ្នានេះ ក្រៅតែពីឧទិស្ទផលបុណ្យជូនដល់ញាតិការដែលបានចែកឋានទៅ គឺជាការបង្កើតកម្លាំងសាមគ្គីរវាងបុគ្គលិករួបរួមគ្នាធ្វើបុណ្យដែលជាបុណ្យប្រពៃណីជាតិខ្មែរ និងកសាងអំពើល្អរួមគ្នា ក៏ដូចជាការអភិរក្សប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងផងដែរ។»

លោកបានបន្ថែមថា៖« នេះជាឆ្នាំទី៥ ហើយ ដែលក្រុមហ៊ុនទ្រូម៉ាន់នីបង្កើតកម្មវិធីនេះឡើង។ កាលពីឆ្នាំទៅ យើងបានទៅធ្វើបុណ្យនៅ វត្ត ជ្រោះព្រះកន្លោង ដែលជាវត្តក្សត់នៅខេត្តកណ្តាល ដោយឡែកឆ្នាំនេះ យើងបានជ្រើសរើសមកខេត្តតាកែវម្តង។ »

គណកម្មាធិការចំណុះជើងវត្ត និងអ្នកកាន់វេន្តបិណ្ឌ ពុទ្ធិបរិស័ទក្នុងភូមិ ព្រមទាំងព្រះសង្ឃ មានសេចក្តីត្រេកអរជាខ្លាំង ចំពោះទឹកចិត្តជ្រះថ្លារបស់បុគ្គលិកក្រមហ៊ុនទ្រូម៉ាន់នី ដែលបានចូលរួមកាន់បិណ្ឌទី១ ដំបូងគេ នៅវត្តភ្នំបូរីនេះ ព្រោះមិនសូវមានអ្នកពីចម្ងាយមកធ្វើបុណ្យដល់ទីេនះនោះ ទេ ដោយសារឆ្ងាយ ម្យ៉ាងផ្លូវពិបាក ផង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ផ្លូវទៅភ្នំបូរីថ្មីៗនេះ បាននឹងកំពុងរៀបចំស្ថាបនាឡើងវិញ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដែល មានទិសដៅពីស្ពានហូឈាមឆ្លងកាត់ឃុំបាស្រែឃុំព្រៃផ្គាំឃុំពន្លៃរហូតដល់ទីរួមខេត្តតាកែវមានចម្ងាយជាងម្ភៃគីឡូម៉ែត្រដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋស្រុកអង្គរបូរីទាំងមូល។