ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានទទួល​អំណោយ “ពិសេស” មួយ ជា​ផ្ទាំង​គំនូរ​ស្នាដៃ​របស់​អគ្គនាយក​ធនាគារ​ជាតិ​នៃកម្ពុជា លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដើម្បីជាការ​ទទួល​ស្គាល់ ចំពោះ ​​វិភាគទាន​របស់​ក្រុមហ៊ុន​ដល់​មូលនិធិរក្សា​កុមារ ។

អំណោយ​សម្រាប់​ក្រុមហ៊ុនទ្រូម៉ាន់នីនេះ គឺរឹតតែពិសេស​ថែមទៀត​ ពីព្រោះស្នាដៃសិល្បៈនេះ ត្រូវ​បានគូ​ដោយ​ លោកជំទាវ ជា សិរី  ផ្ទាល់ ។ គំនូរនេះ ស្ថិត​ក្នុង​ចំណោម​ស្នា​ដៃគំនូរ​មួយចំនួន ដែល​លោកជំទាវ​ ជា សិរី បានគូ​ ក្នុង​រយៈកាល​ប៉ុន្មានខែ​កន្លងមកនេះ អំឡុងពេល​កើតមានមេរោគ​រាតត្បាត​កូវីដ-១៩។ 

លោកស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយកយុទ្ធសាស្រ្ត ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​មាន​ប្រសាសន៍ថា៖ “នេះជា ​កិត្តិយស​ខ្លាំងណាស់ ដែលវិចិត្រករ​​ប្រគល់​​ស្នាដៃគំនូរពិសេសនេះ​ដោយផ្ទាល់ដៃ ហើយវា​រឹតតែ​វិសេស​វិសាលថែម ទៀត ពីព្រោះវិចិត្រ​ករនោះ គឺជា​លោក​ជំទាវ ជា​ សិរី។ ផ្ទាំងគំនូរ​របស់​លោក​ជំទាវ​ ជា សិរី នឹងត្រូវបានតាំងនៅ​ក្នុង​ ការិយាល័យ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នីរបស់យើងនេះ”។ 

មូលនិធិ​រក្សា​កុមារ ត្រូវបាន​បង្កើតឡើង​ដោយ លោកជំទាវ ជា សិរី។ បេសកកម្មរបស់​មូលនិធិនេះ គឺដើម្បី​ជួយ​ដល់ កុមារ​ដែលជួប​ការ​លំបាក​ តាមរយៈការ​លើក​កម្ពស់​សុខភាព សុខុមាលភាព និង​សមភាព សម្រាប់​កុមារ​កម្ពុជា​ ដែលមកពីគ្រប់សាវតារ​ទាំងអស់។ 

លោកស្រី ហ្វ្រង់ដារា បាន​មានប្រសាសន៍ថា៖ “យើង​មានមោទនភាព​​ក្នុងការ​ធ្វើជា​អ្នកផ្ដល់​វិភាគទាន​ជា​ប្រចាំ ដល់​ មូលនិធិ​រក្សា​កុមារ​ ពីព្រោះអង្គការនេះ​មានបេសកម្ម​ជួយដល់​កុមារ​​ដែលជួប​ការ​លំបាក ដែល​បេសកកម្ម​នេះ គឺ​ស្រប ទៅនឹង​បេសកកម្ម​របស់យើង​ដែរ”។ 

បើគិតចាប់ពីឆ្នាំ២០១៦មក ពោលគឺនៅពេលដែលក្រុមហ៊ុន ទ្រូម៉ាន់នី ចាប់បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុច្រើនជាងគេបង្អស់នៅកម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានឲ្យដឹងថាក្រុមហ៊ុនមានភ្នាក់ងាររហូតដល់ទៅជាង១ម៉ឺនទីតាំង សម្រាប់​ផ្ដល់សេវាកម្មទាក់ទងនឹង ហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារ សរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយ ផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

 ទ្រូម៉ាន់​នី  ក៏ដាក់ឲ្យដំណើរការសេវាទូទាត់វិក្កយបត្រភ្លើង និងសំរាម ជូនប្រជាពលរដ្ឋប្រើប្រាស់។ ពីថ្ងៃទី ២០ ខែកក្កដា អតិថិជន ទ្រូម៉ាន់​នី ទាំងអស់ អាចធ្វើការទូទាត់ វិក្កយបត្រភ្លើង និងសំរាម ជាមួយភ្នាក់ងារ តាមសាខា ទ្រូម៉ាន់​នី ឬ តាមរយៈកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet ដែលមានភាពងាយស្រួល និងសន្សំសំចៃពេលវេលា។ 

ដើម្បីជាការអបអរសាទរដល់ការបើកដំណើរការ សេវាទូទាត់វិក្កយបត្រភ្លើង និងសំរាម ថ្មីជាមួយអគ្គិសនីកម្ពុជា (EDC) នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូន​​ប្រូម៉ូសិនពិសេសគឺការបង់ វិក្កយបត្រភ្លើង និងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល ៣ ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០ ។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល របស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។  

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ 

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។