ក្រុមហ៊ុន ទ្រូម៉ាន់នី  ដែលជា ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយនៅកម្ពុជា កំពុងសហការជាដៃគូជាមួយនឹង​ធនាគារភីភីស៊ីប៊ែង (PPCBank) ដើម្បី​ធ្វើ​​ឲ្យ​ការ​​បង់​ប្រាក់​កម្ចី​កាន់​តែ​​ងាយ​​ស្រួល​ថែម​ទៀត​សម្រាប់អតិថិជនរបស់ធនាគារ​។

នៅ​ក្នុង​​ពិធី​ ដែល​បាន​រៀប​​ចំ​​នៅ​ឯការិយាល័យកណ្ដាល​របស់ធនាគារ PPCBank ដែលស្ថិតនៅតាម​មហាវិថី ព្រះនរោត្តម នារាជធានីភ្នំពេញ ក្រុមហ៊ុនទ្រូម៉ាន់នី បានចុះហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​មួយ ដែល​​សម្រេច​ឲ្យ​​មានការ​ប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត TrueMoney Wallet និងភ្នាក់ងារ​ទ្រូម៉ាន់នីដើម្បី​​ប្រមូលការ​បង់​​ប្រាក់កម្ចី​​សម្រាប់​​ធនាគារ​PPCBank។

អនុស្សរណៈនៃការយោគយល់គ្នានេះ ​នឹង​ចូលជាធរមាន​ចាប់ពីថ្ងៃនេះតទៅ ដូច្នេះអតិថិជន​នឹង​អាច​បង់​ប្រាក់​​កម្ចី​របស់ខ្លួនទៅ​ឲ្យ​ធនាគារ PPCBank តាមរយៈកម្មវិធីទូរស័ព្ទដៃ TrueMoney Wallet និង​ភ្នាក់ងារ ​ទ្រូម៉ាន់នី។ ដើម្បីជាការអបអរ​សាទរ​ភាពជាដៃគូសហការ​នេះ អតិថិជន​នឹង​អាចរីក​រាយ​នូវការ​ផ្ដល់ជូន​ពិសេស​រយៈពេល៣ខែ សម្រាប់​ការ​បង់ប្រាក់​កម្ចីដោយ​ឥត​គិត​ថ្លៃសេវា ​ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។ អតិថិជន​នឹង​អាច​ធ្វើការទូទាត់​ប្រាក់កម្ចីតាម​រយៈ​កម្មវិធី TrueMoney Wallet ឬតាមរយៈ​ភ្នាក់ងារ​របស់​ទ្រូម៉ាន់នី ដែលមានចំនួនរហូតដល់ទៅជាង ១ ម៉ឺន ​ទីតាំង ទូទាំង​ប្រទេស។

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួចហើយ លោក Shin Chang Moo នាយកប្រតិបត្តិធនាគារ​ PPCBank មានប្រសាសន៍ថា៖ភាពជាដៃគូ និងកិច្ចសហការគឺជាផ្នែកមួយ ដ៏សំខាន់របស់ធនាគារ PPCBank ហើយយើងជឿថា ការរកបាននូវដៃគូល្អគឺជារឿងដែលពុំអាចកាត់ថ្លៃបាន។ កេរ្តិ៍ឈ្មោះដ៏ល្អរបស់ទ្រូម៉ាន់នី នឹង​​ធ្វើ​​ឲ្យអតិថិជនរបស់យើងមានភាពជឿជាក់​ និងទុកចិត្តនៅពេលបង់ប្រាក់កម្ចីតាមរយៈភាគីទីបីនេះ

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែក​​យុទ្ធសាស្ត្រ ​​ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជាមានប្រសាសន៍ ថា៖យើងពិតជាមានមោទនភាព ដែលបានចាប់ដៃគូជាមួយនឹងធនាគារ PPCBank ក្នុងការផ្ដល់សេវានេះ ដែលនឹងជួយបន្ថែមភាពងាយស្រួល និងគុណតម្លៃដល់អតិថិជន​​របស់ធនាគារ PPCBank ក៏ដូចជា​​សម្រាប់ខ្លួនយើងផ្ទាល់។ ការសហការជាដៃគូនៅថ្ងៃនេះគឺជាកម្មវិធីសហការមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតដែលយើងនឹងដាក់ឲ្យដំណើរការ​​នៅប៉ុន្មានខែខាងមុខនេះ ស្របពេលដែល ទ្រូម៉ាន់នី បន្តពង្រីកសេវា​​កម្មរបស់ខ្លួន

ក្រុមហ៊ុនទ្រូម៉ាន់នីបានចុះកិច្ចព្រមព្រៀង​ដៃគូសហការ​ជា​ច្រើន​រួចមកហើយនៅ​កម្រិត​តំបន់។ នៅ​ក្នុង​ប្រទេស​​មីយ៉ាន់ម៉ា ទ្រូម៉ាន់នីបានប្រកាស​ការ​សហការជាដៃគូជាមួយនឹង​កម្មវិធី OnePay ដែល​ផ្ដល់​លទ្ធភាពឲ្យ​អតិថិជន​អាច​ដាក់ប្រាក់ និង​ដក​ប្រាក់​ពី​បញ្ជរ​ភ្នាក់ងារ​ដែលមានចំនួនកាន់តែ​ច្រើនឡើងក្នុង​ប្រទេសមីយ៉ាន់ម៉ា នោះ។

អំពីធនាគារភីភីស៊ីប៊ែង (PPCBank)៖

ធនាគារ​ PPCBank ​គឺ​​ជា​ធនាគារ​កូរ៉េមួយ​ដែល​​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញាឆ្នាំ​២០០៨​និង​កំពុង​​បើក ​ដំណើរ​ការ​នៅ ២៣​ សាខា ជាមួយ​នឹង​ទូ ATM ចំនួន ៦៤ ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ជុំ​វិញទីក្រុង​ភ្នំពេញ ​និង​ខេត្ត​សំខាន់ៗមួយ​ចំនួន​​ក្នុង​ប្រទេស​កម្ពុជា​។ ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​របស់​ខ្លួន​នូវ​សេវា​ធនាគារ​ ដែល​ងាយ​ស្រួល ធនាគារ​ PPCBank​​ បាន​ផ្តល់​ជូន​សេវា​ធនាគារ ​ដែល​រួម​មាន​ទាំង​សេវាធនាគារ​លក្ខណៈ​ប្រពៃណី​ និង​បែប​ឌីជីថល ​រាប់​បញ្ចូល​ទាំង​សេវា​ប្រាក់​បញ្ញើឥណទាន ​សេវាកម្ម​ឌីជីថល ​smartBiz និង​សេវាប្រឹក្សាយោបល់​ អតិថិជន ​ទាំង​នៅ​ក្នុង ​និង​ក្រៅ​សាខាផងដែរ​​។​

 

ការ​ចូល​រួម​នៅ​ក្នុង​សង្គមគឺ​​ជា​ផ្នែក​មួយ​នៃ​ទិស​ដៅ​ដ៏​សំខាន់​​​​របស់​ធនាគារ​ PPCBank​​ ។ ​ជាការពិត​ណាស់​ធនាគារ​ PPCBank​ តែង​តែ​ចូល​រួម​នៅ​ក្នុង​​យុទ្ធនាការ ​​ទាក់​ទង​នឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ ​ដែល​រៀប​ចំដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រោម​ការ​សហការ​ជាមួយ​ក្រសួង​អប់​រំ យុវជន ​និង​កីឡា​។ ​ធនាគារ PPCBank ក៏​ជា​ធនាគារ​ដំបូង​បង្អស់ ​ដែល​បាន​ផ្តួច​ផ្តើម​​គំនិត​ក្នុង​ការ​លើក​កម្ពស់​​​​​បុគ្គលិក​ដែល​មាន​ពិការភាព ​តាម​រយៈកិច្ច​សហការ ​​​​និង​អនុញ្ញាតិ​​ឲ្យ​មាន​​​ហាង​កាហ្វេ Socials Coffee ​នៅ​ក្នុង​អគារការិយាល័យ​​របស់​ខ្លួន​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ ធនាគារ​ PPCBank ក៏​បាន​​សហការ​ជាមួយ​នឹង​ អង្គការ APOPO តាម​រយៈ​ការ​គាំទ្រ កណ្តុរ​ហិត​មីន ដែល​មកពី​ទ្វីប​អាហ្រ្វិក ហើយត្រូវបានបណ្តុះបណ្តាល ដើម្បីរកគ្រាប់មីន និងសំណល់គ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ចាត់ នៅខេត្តភាគខាងជើងនៃប្រទេសកម្ពុជា។

 

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេនិងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីនាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួនពី ១ ប្រទេសទៅជា ៦ ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាន​នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

បច្ចុប្បន្ន ទ្រូម៉ាន់នី​មាន​បណ្ដាញ​ភ្នាក់​ងារ​ធំជាង​គេបង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពោល​គឺ​យ៉ាង​ហោច ៧ ម៉ឺន ភ្នាក់ងារ​និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់​ពោល​គឺ​ចំនួន​ ៨ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩។ លើសពីនេះកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១នៃកម្មវិធី E-wallet ទាំង​អស់ក្នុងប្រទេសថៃ។