ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានចូលរួមជាមួយនឹង​​ ធនាគារ​ជាតិ នៃកម្ពុជា ​ក្នុងការ​​សម្ពោធ​ឲ្យ​ប្រើប្រាស់​​កម្មវិធី “បាគង”  ។

ពិធីសម្ពោធដាក់​ឲ្យ​ប្រើប្រាស់នូវកម្មវិធីនេះ បានប្រព្រឹត្តទៅនៅឯ​ ធនាគារជាតិនៃ​កម្ពុជា កាលពីថ្ងៃពុធ ទី ២៨ ខែ​តុលា ដោយមាន ការ​ចូលរួម​ជាអធិបតីពីសំណាក់​លោកជំទាវ ជា សិរី អគ្គនាយក​​ នៃធនាគារ​ជាតិ​នៃកម្ពុជា។ អគ្គនាយិកាគ្រប់គ្រង ​ផ្នែកយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា លោក​ស្រី ឃួន ហ្វ្រង់ដារា ក៏បាន​អញ្ជើញចូលរួមក្នុងពិធីសម្ពោធ នោះដែរ។

កម្មវិធីទូទាត់ប្រាក់ បាគង របស់ធនាគារជាតិនៃកម្ពុជា​នេះជាប្រព័ន្ធទូទាត់ប្រាក់រួមបញ្ចូលគ្នាតែមួយគត់របស់កម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុបានគ្រប់ប្រភេទ ពោលគឺអតិថិជនអាចប្រើសេវា E-Wallet ការ ទូទាត់ប្រាក់តាមទូរស័ព្ទ ប្រើសេវាធនាគារតាមអ៊ីនធឺណិត និងសេវាហិរញ្ញវត្ថុជាច្រើនទៀត នៅក្នុងកម្មវិធីតែ មួយ។

នៅពេលនេះ ទ្រូម៉ាន់នី ស្ថិត​ក្នុងចំណោម​កម្មវិធី​ទូទាត់​ប្រាក់មួយចំនួន ដែលមានវត្តមាននៅក្នុងកម្មវិធីបាគង​នេះ។

លោក​ស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា ​គ្រប់គ្រងផ្នែក​​យុទ្ធសាស្ត្រ ​​ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី មានសេចក្ដីត្រេកអរក្រៃលែង ដែលបានចូលរួមជាផ្នែកមួយនៃផលិតផលដ៏ល្អថ្មីមួយនេះ។ យើងរីករាយក្នុងការ​គាំទ្រធនាគារជាតិនៃ​កម្ពុជា លើការធ្វើឲ្យវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា កាន់តែទំនើប ទាន់សម័យ”។

ទ្រូម៉ាន់នី ផ្តល់ជូនសេវាកម្មផ្ទេរប្រាក់ទៅមករវាងកម្មវិធី TrueMoney Wallet និងកម្មវិធី បាគង។ លើសពីនេះ ទៅទៀត អតិថិជន បាគង ក៏អាចដក និងដាក់ប្រាក់តាមរយៈភ្នាក់ងារ ទ្រូម៉ាន់នី ថែមទៀតផង។ អតិថិជន បាគង ក៏អាចស្កេន និងទូទាត់ប្រាក់តាមរយៈដៃគូអាជីវកម្មបាគង ឬ ដៃគូ ទ្រូម៉ាន់នីចំនួន​ ៥០នាក់ ដែលបាន ជ្រើសរើសនៅភ្នំពេញផងដែរ។

កម្មវិធីបាគង​ មាន​វត្តមាននៅលើ App Store, Google Play Store ឬតាមរយៈគេហទំព័រ​បាគង https://bakong.nbc.org.kh/ ។ 

ការ​ចូលរួម​របស់​ទ្រូម៉ាន់នី នៅក្នុងកម្មវិធី បាគង គឺជា​វិធីមួយដែល​ក្រុមហ៊ុនកំពុងជួយគាំទ្រ​ដល់ធនាគារ​ជាតិ ​នៃ​កម្ពុជា។ កាលពីខែមុន ទ្រូម៉ាន់នីក៏បានចូលរួម​នៅ​ក្នុ​ងពិធីខួបទី ៤០ នៃការ​ដាក់​ឲ្យ​ចរាចរណ៍ប្រាក់រៀលឡើងវិញ ដែល​រៀប​ចំដោយធនាគារ​ជាតិនៃកម្ពុជា។ 

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញ ភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថាក្រុមហ៊ុនមានបណ្ដាញ ភ្នាក់ងារជាង ​១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារ សរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់ នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។  

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ 

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។