ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការ​គ្នា​ជាមួយក្រុម​ហ៊ុន foodpanda ដើម្បី​ជំរុញកំណើននៃការអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល​ក្នុង​ចំណោម​ដៃគូ​ដឹក​ជញ្ជូន​អាហារ។

អនុស្សារណៈ​នៃការ​យោគយល់​ (MoU) ដែលធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន ទ្រូម៉ាន់នីនៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២១ ​រវាង​​ក្រុមហ៊ុន​​ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា និងក្រុមហ៊ុន foodpanda ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូនអាហារ​និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេ​នៅ​កម្ពុជា​ផងដែរ​នោះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​ផ្តល់ជូន​ដៃគូ​ដឹក​ជញ្ជូន​នូវការ​យល់ដឹង​កាន់​តែ​ប្រសើរ​អំពីការ​ប្រើប្រាស់​ប្រតិបត្តិការ​អនឡាញ ដែល​បច្ចុប្បន្ន​គឺជា​វិធីទូទាត់​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្មបដិសណ្ឋារកិច្ច។

ដើម្បីជួយ​អ្នកបើក​ប​រ​ដឹក​ជញ្ជូន​អាហារ​​របស់​ក្រុមហ៊ុន foodpanda ឱ្យ​ទទួល​បាន​បទ​ពិសោធទូទាត់​អនឡាញ​ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​ផ្តល់ជូន​អ្នកបើកបរ​​របស់​ក្រុមហ៊ុន foodpanda នូវ​កម្មវិធី​ទូទាត់ TrueMoney Wallet ដោយ​មានការ​ផ្តល់ជូនទឹកប្រាក់ក្នុងនោះ​​ផងដែរ។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍​ថា៖ «គំនិត​ផ្តួច​ផ្តើម​នេះ​ចាប់​ផ្តើម​ជា​មួយ​នឹង​​ការ​ផ្តោត​លើការ​អប់រំជាង​ប្រតិបត្តិការ។ យើង​សង្ឃឹម​ថា តាមរយៈការ​ផ្តល់​ជូន​កម្មវិធី TrueMoney Wallet ដល់ដៃគូ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន foodpanda ពួកគេ​នឹង​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ទូទាត់​អនឡាញ ដែល​នឹង​ជួយ​ពួកគេ​ក្នុងការងារ​របស់​ខ្លួន»។

យោង​តាម​ក្រុមហ៊ុន ទ្រូម៉ាន់នី និងក្រុមហ៊ុន foodpanda គំនិត​ផ្តួចផ្តើមនេះ ​ដែល​ជំហាន​ដំបូង​នឹង​ជួយ​ដៃគូ​ដឹក​ជញ្ជូន​ឱ្យ​ស្វែង​យល់​បន្ថែម​​​អំពី​ការទូទាត់​អនឡាញនេះ នឹង​ឈាន​​ឆ្ពោះ​ទៅរក​ការ​យល់ដឹង​កាន់តែ​ប្រសើរ​អំពី​ឌីជីថលូបនីយកម្មដ៏​រហ័ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់កម្ពុជា ដែល​នាំ​មុខ​ដោយ​ក្រុមហ៊ុននានា​ដូចជា​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាដើម។

លោក VIGNES Patrice នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន foodpanda បាន​ថ្លែង​ថា៖ «យើង​​​ចុះ​ MoU នេះជាមួយក្រុមហ៊ុន​ ទ្រីម៉ាន់នី ព្រោះ​យើង​ចង់​ផ្តល់​​​ចំណេះដឹង​កាន់តែ​ប្រសើរ​​ដល់ដៃគូ​ដឹក​ជញ្ជូន​របស់​យើង​ដើម្បី​ធ្វើ​ការងារ​របស់​ពួក​គេ ហើយ​ក៏​ចង់​ជួយ​ដល់​ភាព​រីក​ចម្រើន​នៃ​​សង្គម​និង​សេដ្ឋកិច្ច​ដែល​កើនឡើង​យ៉ាង​រហ័ស​របស់កម្ពុជា​ផងដែរ។ ដៃគូ​ដឹក​ជញ្ជូន​របស់​យើង​បានធ្វើការងារ​ដ៏​អស្ចារ្យ ដោយ​ជួយ​រក្សា​ឧស្សហកម្ម​បដិសណ្ឋារកិច្ច​របស់កម្ពុជា​ឱ្យរស់​រាន​។ ឥឡូវ​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួកគេ​ក៏​ទទួលបាន​អត្ថ​ប្រយោជន៍​ផង​ដែរ»។

កិច្ចសហការ​​​រវាង​ក្រុមហ៊ុនទាំង​ពីរ​នេះ​​ក៏​​រំពឹង​ថានឹង​បើក​ឱកាស​ឱ្យ​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ធ្វើការ​​ទូទាត់​តាមអនឡាញ​ដោយ​ប្រើប្រាស់​កម្មវិធីទូទាត់ TrueMoney Wallet ដែលតាមរយៈ​នេះ​​នឹង​ជួយដល់​សហគ្រាស​ធុនតូច​និង​ធុន​មធ្យម (SMEs) ឱ្យ​បន្ត​ប្រតិបត្តិទៅ​មុខ​ទៀត​ បើទោះជា​មានការ​រឹត​បន្តឹង​​​​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩​ ក្តី។ គំនិត​ផ្តួច​ផ្តើម​នេះ​ក៏​រំពឹងផងដែរ​​ថា​នឹង​​​លើក​ទឹក​ចិត្ត​ប្រជាជន​កម្ពុជា​​ដែលអាច​មាន​ការ​ប្រុង​ប្រយ័ត្នក្នុងការ​ចេញទៅ​ញ៉ាំអាហារ​​ខាងក្រៅ ឱ្យ​នៅតែ​រីក​រាយ​នឹង​ការទូទាត់​ថ្លៃ​អាហារ​ជូន​​ភោជនីយដ្ឋាន​ដដែល​​តាមរយៈ​ការ​ផ្តល់​ជម្រើស​បន្ថែម​ទៀត​សម្រាប់​ការ​ទូទាត់។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ​នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕