​ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា បាន​ឱ្យដឹងថា បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ ប្រជាពលរដ្ឋ​មានចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា និង​ការ​តភ្ជាប់​​បណ្ដាញ​​អ៊ីនធឺណិត​នៅទូទាំង​​​ប្រទេស ​​​គឺជា​កម្លាំង​ចលករ​សំខាន់ៗ​ ​សម្រាប់​កំណើន​អក្ខរកម្មផ្នែក​ហិរញ្ញវត្ថុ និង​​​ហិរញ្ញវត្ថុ​​​ឌីជីថលនៅទូទាំង​ប្រទេស។

ដោយ​លើកឡើង​​​គំនិត​ផ្ដួចផ្ដើមសំខាន់ៗ​​​មួយចំនួន ដូចជា ប្រព័ន្ធ​ប្រតិបត្ដិការ​បាគង (Bakong System) និងកម្មវិធី Let’s Talk Money ដែល​ត្រូវបាន​បង្កើត​ឡើង​​​ដើម្បី​លើក​កម្ពស់​ការ​​ពិភាក្សាក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​​អំពី​បញ្ហា​ហិរញ្ញវត្ថុ​ លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែងថា លោកស្រី​មាន​ជំនឿចិត្ដថា វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​វិស័យ​ហិរញ្ញវត្ថុ នឹង​​ទទួល​បាន​ជោគជ័យ​ក្នុងការ​សម្រេច​បានការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ​ និងការ​​បង្កើន​អក្ខរកម្ម​​ហិរញ្ញវត្ថុឌីជីថល។ 

ប្រព័ន្ធ​បាគង​គឺជា​កម្មវិធីដែល​ត្រូវ​បានរួម​បញ្ចូលគ្នា​តែមួយគត់​នៅ​កម្ពុជា​ ដែល​អាច​​​ឱ្យ​អតិថិជន​ធ្វើប្រតិបត្ដិការ​​ផ្សេងៗ​ដូចជា កាបូប​ប្រាក់​​អេឡិចត្រូនិក (E-wallet) និង​ការ​ទូទាត់​តាម​ទូរស័ព្ទ ធនាគារ និង​​កម្មវិធី​​​ហិរញ្ញ​វត្ថុផ្សេងទៀត​​​ដែល​ស្ថិត​នៅក្នុង​កម្មវិធីតែមួយ។ 

យុទ្ធការ Let’s Talk Money ត្រូវបាន​បង្កើតឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) និងអង្គការ​ Good Return Australia។ 

លោកស្រី ឃួន ហ្រ្វង់ដារា បាន​មានប្រសាសន៍​ថា​៖ «​ក្រោមការ​ណែនាំរបស់​ធនាគារជាតិ​នៃ​កម្ពុជា​ ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​សម្រេច​​បាន​គោលបំណង​របស់ខ្លួន​ក្នុងការ​សម្រេច​បាន​បរិយាបន្នហិរញ្ញវត្ថុ និង​អក្ខរកម្ម​​ហិរញ្ញវត្ថុ​​​ឌីជីថលសម្រាប់ទាំងអស់គ្នា​។ NBC មិន​ត្រឹមតែ​ផ្ដល់​ការ​​ណែនាំ​សម្រាប់​វិស័យ​នេះ​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំង​ធានា​ថា ស្ថាប័ន​​ហិរញ្ញវត្ថុទាំងអស់​កំពុងធ្វើ​ការ​​រួម​គ្នា​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​តែ​មួយ​ផង​ដែរ​»។ 

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​វ័យក្មេង​គឺជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុងការ​សម្រេច​គោល​បំណង​បរិយាបន្ន​ហិរញ្ញវត្ថុ​ និងអក្ខរកម្ម​​​ហិរញ្ញវត្ថុ​​ឌីជីថល។ កត្តា​នេះ​គួប​ផ្សំជាមួយ​នឹង​ពលរដ្ឋ​កម្ពុជា​រាប់​លាន​​នាក់​​កំពុង​​ប្រើ​ប្រាស់​ស្មាតហ្វូន​ ​ជា​អ្នក​មានចំណេះដឹង​ផ្នែក​​​​បច្ចេកវិទ្យា​ និង​មាន​ការ​តភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​​ នឹង​ជួយ​ពន្លឿន​ព្រះរាជាណាចក្រ​មួយ​នេះ​ឱ្យ​ស្ថិត​លើ​ផ្លូវ​​របស់ខ្លួន​ឆ្ពោះ​ទៅ​រក​ការ​ផ្តល់​អក្ខរកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​ដល់​ប្រជា​ពលរដ្ឋ​ ជាពិសេស​អ្នក​ដែលមិនទាន់ទទួល​បាន​​សេវាធនាគារ។ យ៉ាងណាមិញ បញ្ហា​ប្រឈមចម្បង​មួយ​គឺការ​បោះជំហាន​ឆ្ពោះ​ទៅកាន់​​អ្នក​មិនទាន់​បានមាន ការយល់ដឹងផ្នែកហិរញ្ញវត្ថុឌីជីថល។ 

លោកស្រី ឃួន ហ្រ្វង់ដារា បាន​បន្ថែម​ថា​៖ «​ក្រុមហ៊ុន ទ្រូម៉ាន់នី អាច​ជួយ​បាន​តាមរយៈ​ការ​ផ្ដល់​លទ្ធភាព​​​ដល់​​អ្នក​ដែលអាច​​មិន​ទាន់​ប្រើ​ប្រាស់​​កម្មវិធី TrueMoney Wallet ទទួលបានការយល់ដឹងកាន់តែច្បាស់ពីអក្ខរកម្មហិរញ្ញវត្ថុឌីជីថល ​។ ហើយទ្រូម៉ាន់នី ក៏មាន​បណ្ដាញ​​ភ្នាក់ងារ​ជាង ១ម៉ឺនភ្នាក់ងារ​​​នៅទូទាំង​ប្រទេស ដែល​ពួកគេ​​​កំពុង​ផ្ដល់​សេវាកម្ម​ និង​ការអប់រំ​ដល់​មនុស្ស​រាប់​លាននាក់​​រួច​ហើយផងដែរ»។

ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​បង្ហាញឆន្ទៈ​​​របស់​ខ្លួន​ក្នុងការ​ធ្វើការងារ​ជាមួយ​​​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ស្ថាប័ន​ដទៃ​​ទៀត ​​ដើម្បី​សម្រេច​បា​ន​បរិយាបន្ន​ហិរញ្ញវត្ថុ និង​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ តាមរយៈ​​​កិច្ចសហ​ប្រតិបត្តិការ និង​​​អនុស្សារណៈ​នៃការ​យោគ​យល់​​ជាមួយស្ថាប័ន​ហិរញ្ញវត្ថុ​ល្បីៗ​មួយចំនួនក្នុង​​ប្រទេស​។ 

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​នេះ ដោយ​ក្រុមហ៊ុន​មាន​បណ្តាញ​​ភ្នាក់ងារ​ ចំនួន​ជាង ១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​នៅ​កម្ពុជា​ដែលមិនទាន់មាន​សេវា​ធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ  បង់ប្រាក់កម្ចី​ សេវាទទួលប្រាក់បញ្ញើពីក្រៅប្រទេស និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា៕