ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្តល់ជូនកម្មវិធីប្រូម៉ូសិនថ្មីមួយដែលអតិថិជនរបស់អម្រឹតអាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ និងរង្វាន់ធំម៉ូតូថ្មីស្រឡាងមួយគ្រឿងដោយគ្រាន់តែជ្រើសរើសយកការបង់សងប្រាក់កម្ចីរបស់ពួកគេតាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។

អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏អាចរីករាយជាមួយតម្លៃ សេវាទាបជាងមុនផងដែរសម្រាប់ការបង់សងប្រាក់កម្ចីគ្រប់ប្រភេទ ដោយបង់ថ្លៃសេវាត្រឹមតែ ០,៥ដុល្លារប៉ុណ្ណោះ។

គំនិតផ្តួចផ្តើមនេះគឺជាកិច្ចប្រឹងប្រែងយុទ្ធសាស្រ្តរួមគ្នាដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុនទាំងពីរ ដើម្បីធ្វើឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញតាមរយៈការកាត់បន្ថយការចំណាយពេលវេលាលើការធ្វើដំណើរទៅកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីបង់សងប្រាក់កម្ចី។ យុទ្ធនាការនេះក៏ជួយសម្រួលដល់អតិថិជនអម្រឹត ក្នុងការបង់សងប្រាក់កម្ចីនៅក្រៅម៉ោងធ្វើការជាធម្មតារបស់សាខាអម្រឹតផងដែរ។


ប្រូម៉ូសិននេះចាប់ផ្តើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនេះ អតិថិជនអាចមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍ ព្រមទាំងចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ធំម៉ូតូ Honda Zoomer X ថ្មីស្រឡាងមួយគ្រឿងនៅចុងបញ្ចប់នៃយុទ្ធនាការនេះ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្នមានភ្នាក់ងារជាង ១ម៉ឺនទីតាំងដែលផ្តល់សេវាផ្ញើប្រាក់នៅទូទាំងប្រទេស។

លោក Alan Wee នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ “ប្រូម៉ូសិននេះ ផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើងក្នុងគ្រាដែលបច្ចុប្បន្នពិបាកក្នុងការធ្វើដំណើរទៅកាន់សាខារបស់អម្រឹតដើម្បីបង់សងប្រាក់កម្ចី”។
លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “នៅក្រុមហ៊ុន ទ្រូម៉ាន់នី យើងតែងតែសម្លឹងរកមើលវិធីថ្មីៗដើម្បីបន្ថែមតម្លៃដល់អតិថិជនរបស់យើង។ នៅពេលនេះ យើងទទួលស្គាល់ថា វាអាចមានការលំបាកជាងមុនសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្ងាយ ហេតុដូច្នេះហើយបានជាយើងរីករាយក្នុងការផ្តល់ជូនសេវានេះទៅកាន់អតិថិជនរបស់អម្រឹត តាមរយៈបណ្តាញភ្នាក់ងារដ៏ធំរបស់យើងនៅទូទាំងប្រទេស”។
លើសពីនេះទៀត អតិថិជនដែលប្រើប្រាស់កម្មវិធី TrueMoney e-Wallet អាចទទួលបានការមិនគិតថ្លៃសេវានៅពេលបង់សងប្រាក់កម្ចីរបស់ខ្លួនទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងដៃគូផ្សេងទៀតដោយគិតចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។

អំពីអម្រឹត
អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ពនពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍនសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។ ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង 500,000នាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹត មានសាខាចំនួន 158ទូទាំងប្រទេស មានបុគ្គលិកជាង 4,500នាក់ និងមានទ្រព្យសកម្មជាង 1ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង 500លានដុល្លារអាមេរិក។