យុជន​កម្ពុជា ដែល​ចេះ​ប្រើប្រាស់​បច្ចេក​វិទ្យា​ ត្រូវបានរំពឹងថា នឹង​ជួយជំរុញ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់ ប្រទេស​​​ជុំវិញបដិដុល្លារ​នីយកម្ម ។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ដ៏ធំមួយ​នៅ​កម្ពុជា​។ 

យោង​តាម​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ឲ្យ​ដឹងថា យុវជន​កម្ពុជា​ដែលចេះ​ប្រើប្រាស់បច្ចេក​វិទ្យា​ ​នឹង​បន្ត​​ជំរុញ ការ​ប្រើប្រាស់​ គណនីចល័ត (e-wallets) និង​ការទូទាត់​តាម​ទូរស័ព្ទ​ចល័ត រហូតដល់​កម្រិត​មួយដែល ​បដិដុល្លារនីយកម្ម មិនអាចចៀស​វាង​បាន។ ក្រុមហ៊ុនបច្ចេក​វិទ្យាហិរញ្ញវត្ថុនេះ​បាន​ឲ្យ​ដឹងថា កំណើន​នៃ​ ការ​ប្រើប្រាស់ទូរស័ព្ទ និង​កម្មវិធីនានា សម្រាប់ធ្វើប្រតិបត្តិការ​ហិរញ្ញវត្ថុ នឹង​ជំរុញឲ្យ​ក្រុមហ៊ុន និង​គ្រឹះស្ថាន​​ក្នុង​ស្រុកនានា​ ធ្វើពាណិជ្ជកម្ម​ដោះដូរ​ជា​ប្រាក់រៀល។ 

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែកយុទ្ធសាស្ត្រ​ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖ “យើង​រំពឹងថា ការទូទាត់បែបឌីជីថល​ ដែលកំពុង​តែមានការ​ពេញនិយម​កាន់តែ​ខ្លាំង​ឡើង​​ក្នុង ចំណោម​យុវជន​កម្ពុជា នឹង​ជួយ​ជំរុញ ​ឲ្យ​មាន​ឥទ្ធិពលពូនផ្ដុំ​បន្តិចម្ដងៗជុំវិញបដិដុល្លារនីយកម្ម។ វិស័យ​ ពាណិជ្ជកម្ម​នឹង​​ដើរតាម​តម្រូវការ​របស់អ្នកប្រើប្រាស់ ហើយ​នឹង​អភិវឌ្ឍ​ប្រតិបត្តិការ​​សាច់ប្រាក់​ឌីជីថល​​ ដោយ​ងាកទៅរក​រូបិយប័ណ្ណប្រាក់រៀល​បន្តិច​ម្ដងៗ”។

ក្រុមហ៊ុនទ្រូម៉ាន់នី បាន​ឲ្យដឹងថា ៧០% នៃ​ប្រតិបត្តិការ​សាច់ប្រាក់​បច្ចុប្បន្ន​របស់ក្រុមហ៊ុន ត្រូវបានធ្វើ ឡើង ជា​ប្រាក់រៀល​ ហើយចំនួនប្រតិបត្តិការ​សាច់ប្រាក់ជា​ប្រាក់រៀលមានការ​កើនឡើងជារៀង​រាល់ឆ្នាំ។

​លោក​ស្រី ដារា មានប្រសាសន៍ថា៖ “ការ​ដោះដូរអាជីវកម្ម​ជា​ប្រាក់រៀល មិនត្រឹមតែ​មានប្រតិបត្តិការ តាមរយៈការ​ ទូទាត់ដោយ​ប្រើ​គណនីចល័ត​ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានធ្វើប្រតិបត្តិការ​ដោយ​អតិថិជន ផ្ទាល់នៅតាម​ភ្នាក់ងារ​​របស់យើង​​រាប់ពាន់កន្លែង​នៅទូទាំង​ប្រទេស”។

ក្រុមហ៊ុនទ្រូម៉ាន់នី ក៏ជាអ្នកឧបត្ថម្ភ​មួយ​ក្នុង​ខួបទី ៤០ នៃ​ការ​ដាក់​ឲ្យ​ចរាចរណ៍ប្រាក់រៀលឡើងវិញ  ដែល​​ បានប្រព្រឹត្តទៅកាលពីពេលថ្មីៗ​ នៅឯ​សណ្ឋាគារ​សូហ្វីតែឡ ភូគីត្រា​ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ នេះ​បាន​រៀប​ចំ ដោយធនាគារ​ជាតិ​នៃកម្ពុជា កាលពីថ្ងៃទី ២៨ ខែ កញ្ញា​​ កន្លងទៅថ្មីៗនេះ ។

នៅក្នុង​ពិធីនោះ ទេសាភិបាល ធនាគារជាតិ​នៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានជំរុញ​ឲ្យ​បង្កើន​ការ​ ប្រើប្រាស់​​ប្រាក់​រៀល ហើយថា ក្នុង​រយៈកាលពីរទសវត្ស​មកនេះ តម្រូវការ​នៃការ​ប្រើប្រាស់​ប្រាក់រៀល​បាន ​កើនឡើង​ជា ​មធ្យម ១៦% ក្នុង​មួយឆ្នាំ។ 

ឯកឧត្តម​ទេសាភិបាលធនាគារ​ជាតិ ក៏បានមានប្រសាសន៍ថា ប្រទេស​កម្ពុជា​ ត្រូវកា​រ​រូបិយប័ណ្ណជាតិ ដែល​រឹងមាំ ដើម្បីលើក​កម្ពស់​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់ប្រទេស ដើម្បីជួយគាំទ្រ​ដល់​ការ​អភិវឌ្ឍន៍ ជាតិ។ 

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មក ទ្រូម៉ាន់នី   បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ​១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។ 

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។  

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ 

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។