រាជធានីភ្នំពេញ, នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងគោលដៅអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ និងសាធារណជនទាំងអស់អាចធ្វើការដាក់ប្រាក់ចូលក្នុងគណនីធនាគារ ប្រៃសណីយ៍កម្ពុជា ឬទូទាត់សងឥណទានតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នី ទូទាំងប្រទេសជាមួយប្រព័ន្ធបាគង។ អតិថិជនអាចធ្វើដំណើរទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី ជាង 10,000ទីតាំង ទូទាំងប្រទេសដែលនៅជិតខ្លួនបំផុតដោយគ្រាន់តែផ្តល់នូវលេខ គណនីធនាគាររបស់ខ្លួនទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី។
ពិធីចុះហត្ថលេខាភាពជាដៃគូនេះ បានប្រារព្វឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួមពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងលោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបនៃស្ថាប័នទាំងពីរ។
គូសបញ្ជាក់ផងដែរថា អតិថិជនទាំងអស់ក៍អាចធ្វើការផ្ទេរប្រាក់មកកាន់គណនីធនាគារប្រៃសណីយ៍កម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ទ្រួម៉ាន់នីបានដូចគ្នា។
កំឡុងពេលនៃពិធីចុះហត្ថលេខានេះ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ កិច្ចសហប្រតិបត្តិការមួយនេះ គឺធ្វើឡើងក្រោមគោលដៅរួមដើម្បីបម្រើផ្តល់សេវាកាន់តែងាយស្រួលដល់អតិថិជន ហើយក៍ជាដៃគូយុទ្ធសាស្រ្តរបស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ឱ្យទទួលបាននូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៍លើកឡើងថា “ទ្រូម៉ាន់នី មានមោទនភាពដែលបានក្លាយជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដ៏មានកេរ្ដិ៍ឈ្មោះ និងគួរឱ្យកោតសរសើរ។ នៅទ្រូម៉ាន់នី យើងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់សេវាកម្មដ៏មានសារៈប្រយោជន៍បំផុតជូនដល់អតិថិជនទាំងទ្រូម៉ាន់នី និងធនាគារប្រៃសណីយ៍កម្ពុជា”
ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏មានបម្រើសេវាហិរញ្ញវត្ថុជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតរួមមាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាអេធីអឹម សេវាធនាគារចល័តតាមទូរសព្ទ ប័ណ្ណឥណទាន និងឥណពន្ធវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស និងសេវាហិរញ្ញវត្ថុជាច្រើនទៀត ជាពិសេសគ្រប់ការធ្វើប្រតិបត្តិការទាំងអស់ដែលចេញពីធនាគារប្រៃសណីយ៍កម្ពុជានឹងមិនមានការគិតកម្រៃសេវាឡើយ៕
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕