3 មិថុនា 2025
ភ្នំពេញ ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និង ICT ព្រមទាំងក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុល្បីឈ្មោះរបស់កម្ពុជា និងជាម៉ាកយីហោបច្ចេកវិទ្យាហិរញ្ញវត្ថុ លំដាប់អន្តរជាតិស្ថិតក្រោម ការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money បានពង្រឹងកិច្ចសហការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី 29ខែឧសភា ឆ្នាំ 2025 ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនទាំងពីរក្នុងការផ្ដល់សេវាកម្មជូនដល់អតិថិជនឱ្យបានកាន់តែទូលំទូលាយ។
សម្ព័ន្ធភាពនេះ មិនត្រឹមតែជាការផ្ដួចផ្ដើមយ៉ាងសំខាន់សម្រាប់វិស័យឌីជីថលរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ នៅក្នុងជីវិតប្រចាំថ្ងៃ។ កិច្ចសហការដែលស្ថិតក្រោមមូលបទ “The Digital Crossroad”បង្ហាញពីទស្សនវិស័យដើម្បីសម្រេចបាននូវអន្តរកម្មយ៉ាងជិតស្និតរវាងការតភ្ជាប់ និងសេវាកម្មហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំងពីរនឹងបង្កើតឱ្យមាននូវការផ្លាស់ប្ដូរវិជ្ជមានសម្រាប់ប្រជាជនកម្ពុជា មិនថាសម្រាប់ការបង់ប្រាក់ ការភ្ជាប់ទំនាក់ទំនង ឬការអភិវឌ្ឍខ្លួននៅសម័យឌីជីថលឡើយ។
ភាពជាដៃគូនេះមានគោលបំណងរួមបញ្ចូលសេវាកម្មសំខាន់ៗ និងបណ្តាញភ្នាក់ងារនៅបណ្ដាខេត្តក្រុងនានាដើម្បីឱ្យអ្នកប្រើប្រាស់អាចទទួលបានដំណោះស្រាយ និងសេវាកម្មឌីជីថលបានកាន់តែងាយស្រួល និងលើកកម្ពស់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនេះ ក្រុមហ៊ុន Smart Axiata និងទ្រូម៉ាន់នី ខេមបូឌា នឹងធ្វើការរួមគ្នាដើម្បី៖
- រួមបញ្ចូលការផ្តល់សេវាកម្ម ដើម្បីផ្តល់នូវបទពិសោធន៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ រួមបញ្ចូលគ្នាសម្រាប់អតិថិជន។
- ប្រើប្រាស់បណ្តាញភ្នាក់ងារ និងការផ្គត់ផ្គង់សេវាកម្មតាមប្រព័ន្ធឌីជីថលដើម្បីបន្ថែមលទ្ធភាពក្នុងការផ្ដល់សេវាកម្មបន្ថែម ជូនដល់តំបន់ដែលពុំបានទទួលនូវសេវាកម្មទូលំទូលាយ។
- ស្វែងរកដំណោះស្រាយឌីជីថលថ្មីៗ ដើម្បីបំពេញតម្រូវការថ្មីៗរបស់ប្រជាជនកម្ពុជា។
- គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល លើផ្នែកបរិយាប័ន្នហិរញ្ញវត្ថុ និងបរិយាប័ន្នឌីជីថល (Financial and Digital Inclusion) តាមរយៈការធ្វើយុទ្ធនាការរួមគ្នាលើការអប់រំ និងការបង្កើនការយល់ដឹង ។
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ភាពជាដៃគូនេះ បង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុន Smart Axiata និងទ្រូម៉ានី ដើម្បីជំរុញសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន” ។ លោកបានបន្តថា “តាមរយៈការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់យើងជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ទ្រូម៉ាន់នី យើង មានឱកាសបង្កើតនូវដំណោះស្រាយនិងផ្ដល់ជូននូវសេវាកម្មសំខាន់ៗសម្រាប់អ្នកប្រើប្រាស់ និងសហគមន៍កម្ពុជា”។
លោក ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិរបស់ ក្រុមហ៊ុន ទ្រូម៉ាន់នី (កម្ពុជា និងមីយ៉ាន់ម៉ា) បានបន្ថែមថា “ក្រុមហ៊ុនទ្រូម៉ាន់នី ជឿជាក់ថា គ្រប់គ្នាមានសិទ្ធិក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការជាមួយ Smart Axiata អនុញ្ញាតឱ្យយើងផ្ដល់សេវាកម្មទៅដល់ប្រជាជនកម្ពុជាបានកាន់តែច្រើនតាមរយៈប្រព័ន្ធឌីជីថលដែលងាយស្រួល សុវត្ថិភាព និងឆ្លាតវៃ ដែលជំរុញឱ្យសង្គមយើងមានទំនាក់ទំនងកាន់តែប្រសើរ និងអាចទទួលបាននូវសេវាកម្មហិរញ្ញវត្ថុសំខាន់ៗ។”
ជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
ភាពជាដៃគូរវាង Smart និងទ្រូម៉ាន់នី ជាគំរូមួយដែលបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាហិញ្ញវត្ថុ អាចសហការគ្នាដើម្បីកាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការចំណាយលើការចែកចាយ និងបម្រើដល់សហគមន៍ តាមរយៈការផ្ដល់នូវដំណោះស្រាយដែលចាំបាច់ និងងាយស្រួលប្រើ។
ពីអាជីវករនៅតាមជនបទ រហូតដល់យុវជននៅទីក្រុង ការផ្ដល់ជូននូវសេវាកម្មរួមបញ្ចូលគ្នានេះ នឹងបំពេញតម្រូវការអតិថិជនបានកាន់តែទូលំទូលាយ។
ក្រុមហ៊ុនទាំងពីរបានបញ្ជាក់សារជាថ្មីថានេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ កិច្ចសហការនាពេលអនាគត នឹងមានលក្ខណៈកាន់តែស៊ីជម្រៅ ជាពិសេសលើការទូទាត់តាមឌីជីថល និងការពង្រឹងបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ព្រមទាំងជ្រោមជ្រែងបរិវត្តកម្មឌីជីថលរបស់កម្ពុជាឱ្យប្រកបដោយបរិយាប័ន្ននិងមានសន្ទុះដ៏រឹងមាំ។
ខណៈដែលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងធ្វើបរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលភាពជាដៃគូរបស់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនទ្រូម៉ាន់នីខេមបូឌា នឹងឈរជាគំរូមួយដែលបង្ហាញពីសារៈសំខាន់នៃកិច្ចសហការជាយុទ្ធសាស្រ្តសម្រាប់ការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។
ភាពជាដៃគូនេះនឹងធ្វើឡើងជាដំណាក់កាល ហើយព័ត៌មានលម្អិតអំពីកិច្ចសហការបន្ថែម នឹងត្រូវបានប្រកាសនៅប៉ុន្មានខែខាងមុខនេះ។




